ខ្ញុំស្រលាញ់ដួងចន្រ្ទាពេញបូរមី រឿងរង្សីភ្លឺត្រចះច្បាស់មេឃា
ស្អាតបរិសុទ្ធមូលក្រឡង់ក្នុងនភា ខ្ញុំនិន្ទ្រាមិនលក់ឡើយពេលរាត្រី។
ខ្ញុំស្រលាញ់ដួងចន្រ្ទាភ្លឺត្រជាក់ ពន្លឺប្រាក់ស្រោបដួងចិត្តជនប្រុសស្រី
អោយសប្បាយភ្លើតភ្លើនចិត្តឥតខ្វល់អ្វី ភ្លេចក្រក្រីក្តីសោកសៅក្នុងជីវិត។
ខ្ញុំស្រលាញ់ដួងចន្រ្ទាមូលក្រឡង់ ហាក់ដូចវង់ភក្រ្តកល្យាណគូស្នេហ៍ស្និទ្ធិ
នាងញញឹមខ្ញុំសង្ឃឹមសប្បាយចិត្ត ហាក់បានជិតរឹតរួមរក្សស្ម័គ្រកន្និថា។
ខ្ញុំស្រលាញ់ដួងចន្រ្ទាជាសាក្សី នៃសេចក្តីស្មោះស្ម័គ្រចិត្តស្និទ្ធិស្នេហា
នៃក្រមុំនិងកម្លោះគូសង្សារ ដែលប្រាថ្នាបានជាគូរួបរួមកាយ។
ខ្ញុំស្រលាញ់ដួងចន្រ្ទាជាល្បែងក្មេង ម្តាយពោលលេងឲ្យកូនតូចពនសុំបាយ
សុំសម្លទឹកបំពង់ចេកដូងស្វាយ កូនសប្បាយញ៊ាំចឹបៗសើចក្អឹកៗ។
ខ្ញុំស្រលាញ់ដួងចន្រ្ទាមានពោធិ៍ធំ ជីដូនខ្ញុំប្រាប់ដូច្នេះមកជាញឹក
មើលទៅឃើញមានរឹសគល់ដើមមែកស្លឹក ក្រោមពោធិ៍ព្រឹកដូនចាស់រវៃអំបោះ។
ខ្ញុំស្រលាញ់ដួងចន្រ្ទាហៅសសាង្គ ព្រះឥន្រ្ទស្អាងទន្សាយទុកនៅនោះ
រំលឹកកាលពោធិសត្វគិតសង្រ្គោះ ព្រាហ្មណ៍ដោយស្ទុះលោតចូលភ្លើងជាអាហារ។
ខ្ញុំស្រលាញ់ដួងចន្រ្ទាហៅលោកខែ នៅស្រុកខ្មែររាជពិធីដ៏ថ្លៃថ្លា
អកអំបុកងើយមើលចំដួងចន្រ្ទា បន់ទេពតាសូមខេមរាបានថ្កើងថ្កាន។
ដកស្រង់និងសម្រួលចេញពីសៀវភៅកំណាព្យ បុប្ផាខ្មៅ និពន្ធដោយ លោក គយសារុន





